ឈ្មោះរបស់ទូកងភាគច្រើនរមែងមានឈ្មោះវែងៗមានពាក្យរណ្ដំជួនគ្នា មិនសូវឈ្មោះខ្លីនោះឡើយ។ តើការដាក់បែបនេះ មានមូលហេតុនិងអត្ថន័យយ៉ាងណាខ្លះ? ប្រសិនបើដាក់ឈ្មោះខ្លី តើអាចប៉ះពាល់អ្វីដែរឬទេ?
បើតាមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានបកស្រាយថា ការដាក់គោរមងាររបស់ទូកនីមួយៗ គឺមានហេតុផល៣យ៉ាង ដែលទាក់ទិននឹងការជឿជាក់លើគំនិតនិយមមួយ ពោលគឺផ្សារភ្ជាប់នឹងទស្សនៈរបស់មនុស្សដែលមានជំនឿទៅលើអ្វីៗដែលគេជឿ។
ដូច្នេះបើចង់ឲ្យទូកលឿន និងមានជយជម្នះបានគេព្យាយាមដាក់ឈ្មោះវែងៗ ដោយផ្អែកលើហេតុផលដូចខាងក្រោម៖
– គេយល់ថាកម្លាំងដែលអាចដំណើរការទៅបានអាស្រ័យលើអាទិទេពទាំងឡាយក្នុងការជំរុញឲ្យមាននូវសុពលភាពនិងអានុភាពសម្រាប់ការងារ។ ម្ល៉ោះហើយ គេព្យាយាមស្វែងរកឈ្មោះអាទិទេពណាមួយ (ឧ៖ អង្គរជ័យបុរី) ដែលបង្ហាញប្រាប់អំពីឥទ្ធិពលនៃតម្លៃជំនឿនោះ ដើម្បីទូកមានបារមី មហិទ្ធិឫទ្ធិ។
– ដើម្បីឲ្យអ្នកចំណុះទូកមានកម្លាំងចិត្ត អុំទូកបានល្អហើយលឿន ដែលគេយល់ថាវាអាចជំរុញឥទ្ធិពលខ្លួនឯងផ្ទាល់ដែលចេញពីការជឿលើជំនឿខាងលើ។ ឈ្មោះទូករណ្ដំពាក្យពេចន៍ណែនណងគ្នា មានភាពពីរោះ គេជឿថាជួយឲ្យអ្នកដែលចំណុះទូករីករាយព្រមទាំងមានកម្លាំងចិត្តក្នុងការអុំបានខ្លាំង ដែលនេះជាការទាក់ទាញផ្នែកអារម្មណ៍មួយ។ ម្យ៉ាងទៀត បើទូកគេធ្វើនៅតាមវត្តអារាម គេក៏អាចបូកបញ្ចូលឈ្មោះវត្តនោះជាមួយបាន។ ឧ៖ វត្តឈ្មោះ ច័ន្ទរង្សី ដូច្នេះគេដាក់ឈ្មោះទូកថា អង្គរជ័យបុរីរង្សីស្រីគ្រប់លក្ខណ៍ ជាដើម។
– ឈ្មោះទូកដែលមានមានពាក្យពេចន៍រណ្ដំពីរោះ គេមានជំនឿថាមិនត្រឹមធ្វើឲ្យអ្នកចំណុះទូកសប្បាយចិត្តនិងកម្លាំងចិត្តនោះទេ តែក៏ជាភាពទាក់ទាញដល់អ្នកទស្សនាផងដែរ។ បើកាលណាឈ្មោះពីរោះរណ្ដំ ស្ដាប់លឺទៅធ្វើឲ្យទទួលបានតម្លៃពីមហាជន ដែលជាការបង្ហាញប្រាប់នូវវិធីនៃការប្រើពាក្យឲ្យចាប់អារម្មណ៍។
លោកបានបញ្ជាក់ថា គេមិនសូវនិយមដាក់ឈ្មោះខ្លីមួយម៉ាត់ឬពីរម៉ាត់ឡើយ ព្រោះគេមានជំនឿថាការដាក់ឈ្មោះវែងធ្វើឲ្យទូកនោះមានបារមី។ ការដាក់ឈ្មោះទូកង ខ្លីពេកអាចធ្វើឲ្យបាត់បង់ភាពរណ្ដំ ទាក់ទាញ និងការចាប់អារម្មណ៍ពីអ្នកចំណុះទូក និងមហាជនអ្នកស្ដាប់ទូទៅ ដែលគេយល់ថាវាពាក់ព័ន្ធនឹងជំនឿ ព្រមទាំងផ្លូវចិត្តផងដែរ៕
លោកបានបញ្ជាក់ថា គេមិនសូវនិយមដាក់ឈ្មោះខ្លីមួយម៉ាត់ឬពីរម៉ាត់ឡើយ ព្រោះគេមានជំនឿថាការដាក់ឈ្មោះវែងធ្វើឲ្យទូកនោះមានបារមី។ ការដាក់ឈ្មោះទូកង ខ្លីពេកអាចធ្វើឲ្យបាត់បង់ភាពរណ្ដំ ទាក់ទាញ និងការចាប់អារម្មណ៍ពីអ្នកចំណុះទូក និងមហាជនអ្នកស្ដាប់ទូទៅ ដែលគេយល់ថាវាពាក់ព័ន្ធនឹងជំនឿ ព្រមទាំងផ្លូវចិត្តផងដែរ៕
0 comments:
Post a Comment