លោក Lee Tae Hoon គ្រូបង្វឹកកម្ពុជា និងលោក Mike Wong Mun Heng គ្រូបង្វឹកក្រុមប្រ៊ុយណេមានជំនឿចិត្តអាចធ្វើបានល្អដូចគ្នា សម្រាប់ការប្រកួតវគ្គជម្រុះ AFF Suzuki Cup លើកទី២នៅពហុកីឡដ្ឋានជាតិវេលាម៉ោង៦:៣០នាទី ដែលមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ។
កម្ពុជា និងប្រ៊ុយណេយកបាន៣ពិន្ទុដូចគ្នាកាលពីប្រកួតទី១ ដោយម្ចាស់ផ្ទះកម្ពុជាយកឈ្នះឡាវ២-១ ស្របពេលប្រ៊ុយណេ យកឈ្នះទីម័រខាងកើត ២-១។
លោក Lee Tae Hoon
ផ្អែកទៅលើប្រព័ន្ធលេងរបស់ក្រុមធ្វើបានល្អកាលប្រកួតទី១លោក Lee Tae Hoon បានឲ្យដឹងថា លោកមានក្ដីរំពឹងទៅលើកូនក្រុមរបស់ខ្លួនអាចធ្វើបានល្អនាជំនួបជាមួយប្រ៊ុយណេល្ងាចនេះ ចំពោះលទ្ធផលលោកមិនហ៊ានសន្និដ្ឋាននោះទេ។ បើមើលទៅប្រទេសពីរផ្សេងដែលកម្ពុជាមិនទាន់ជូប ពិតណាស់គ្រប់ប្រទេសតែងត្រៀមខ្លួនបានល្អ សម្រាប់ការប្រកួតផ្លូវការមួយនេះ។
គ្រូបង្វឹកមានសញ្ជាតិកូរ៉េខាងត្បូងរូបនេះបន្ថែមថា លោកមិនទាន់មានសង្ឃឹមបានឆ្លងផុតវគ្គជម្រុះនេះនៅឡើយ បើទោះបីអាចយកឈ្នះក្រុមដែលអ្នកគាំទ្រទាំងអស់គិតថាខ្លាំងជាង ប្រ៊ុយណេ និងទីម័រខាងកើតក៏ដោយ។ កម្ពុជានឹងប្រើប្រព័ន្ធប្រយុទ្ធមុតស្រួច ដើម្បីវាយស្រុកប្រ៊ុយណេ ប៉ុន្តែប្រសិនបើមិនអាចរកគ្រាប់បាល់បាននឹងមានបញ្ហាមិនខាន។
លោក Mike Wong Mun Heng
ងាកទៅកាន់លោក Mike Wong Mun Heng បានលើកឡើងថា ប្រាកដណាស់កម្ពុជាជាក្រុមខ្លាំង ហើយថែមទាំងមានអ្នកគាំទ្រយ៉ាងច្រើនមកលើកទឹកចិត្ត។ ប៉ុន្តែកត្តាដែលសំខាន់ កីឡាកររបស់លោកទាំង១១នាក់នៅលើទីលាន នឹងប្រឹងប្រែងលេងដោយមិនមានសម្ពាធផ្លូវចិត្តដោយសារចំនួនអ្នកគាំទ្រ។
លោកបន្ថែមថា កីឡាកររបស់លោកទាំងអស់មានបទពិសោធន៍ច្រើន ចំពោះការជួបម្ចាស់ផ្ទះល្ងាចនេះលោកគិតថា កូនក្រុមរបស់លោកនឹងធ្វើបានល្អ។ ពីរឆ្នាំចុងក្រោយនេះកម្ពុជាមានការរីកចំរើនខ្លាំងផ្នែកបាល់ទាត់ ទន្ទឹមនឹងនោះប្រទេសរបស់លោកក៏មានការរីកចំរើនដូចគ្នា។
ក្រុមជម្រើសជាតិកម្ពុជា
គិតត្រឹមឆ្នាំ២០០៦ មកដល់ឆ្នាំ២០១៥ កម្ពុជាធ្លាប់ប៉ះប្រ៊ុយណេ៥លើកក្នុងនោះកម្ពុជាឈ្នះ៣ស្មើ១ និងចាញ់១។ ជួបគ្នាលើកចុងក្រោយថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្ពុជាឈ្នះប្រ៊ុយណេ៦-១នៅពហុកីឡដ្ឋានជាតិដែលជាជំនួបមិត្តភាព។
ចំណែកការប្រកួតផ្លូវការចុងក្រោយក្នុងកម្មវិធីជម្រុះ AFF Suzuki Cup 2014 កម្ពុជាឈ្នះប្រ៊ុយណេ១-០នៅលើទឹកដីឡាវ ដែលពេលនោះកីឡាករ ឈិន ឈឿន ជាអ្នកគ្រាប់បាល់បាននៅនាទីទី៥៦៕
ក្រុមប្រ៊ុយណេ
ចុះជួបគ្នាលើកនេះនៅលើទឹកដីខ្លួនឯងតើលោក Lee អាចធ្វើឲ្យអ្នកគាំទ្រជាច្រើនម៉ឺននាក់មានស្នាមញញឹមបានទេ?
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា