អ្នកចាំទីវ័យក្មេង អ៊ុំ សេរីរ័ត្ន ដែលបានសង្គ្រោះបាល់ពិន័យ១១ម៉ែត្រពីខាងជប៉ុនធ្វើឱ្យអ្នកគាំទ្រហ៊ោកញ្ជ្រៀវពេញកីឡដ្ឋានជាតិអូឡាំពិកកាលពីយប់មិញនេះ បានប្រាប់តិចនិកដែលខ្លួនធ្វើបានល្អថាមកពីគេមើលឃើញខ្យល់បាល់របស់ក្រុមជប៉ុន ជាពិសេសគឺជើងកីឡាករតែម្ដង។
ការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅរុស្ស៊ី ជើងទី២ ជុំទី២ នៅពហុកីឡដ្ឋានជាតិកាលពីយប់មិញនេះ ក្រុមម្ចាស់ផ្ទះកម្ពុជាចាញ់ក្រុមភ្ញៀវជប៉ុនក្នុងលទ្ធផល២-០ ដោយគ្រាប់បាល់នេះកើតឡើងដោយការធ្វើឱ្យចូលទីខ្លួនឯងរបស់ ឃួន ឡាប៊ូរ៉ាវី និងមួយគ្រាប់ទៀតជាការតែតរបស់Keisuke Honda នៅចុងម៉ោង។ អ្វីដែលគេកត់សម្គាល់ក្នុងការប្រកួតគឺខាងជប៉ុនដាក់សម្ពាធលើកម្ពុជាតាំងពីដើម ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីរបស់ អ៊ុំ សេរីរ័ត្ន បានឡើយ បើទោះជាប្រឹងអូសចូលតំបន់គ្រោះថ្នាក់ ឬស៊ុតពីចម្ងាយក៏ដោយ។
ចំពោះទម្រង់លេងល្អអាចការពារសំណាញ់ទីបានច្រើនគ្រាប់នេះដែរ សេរីរ័ត្ន បានប្រាប់ហេតុផលខ្លួនធ្វើបានល្អនេះថា៖ “អ្នកគាំទ្រជាចំណែកដែលបានធ្វើឱ្យខ្លួនមានទឹកចិត្តលេង ហើយការសង្គ្រោះបាល់គឺខ្ញុំតាមដានជើងកីឡាករជប៉ុនខ្លាំងមិនដាក់ភ្នែកនោះទេ។ ការសង្គ្រោះបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់នោះ ជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការហក់ចាប់។ ហើយការសម្រេចចិត្តនោះគឺខ្ញុំមើលទៅចង្កេះរបស់កីឡាករជប៉ុន”។
ឃើញអ្នកគាំទ្រទៅចូលរួមមើលការប្រកួតច្រើន ក៏ដូចជាសរសើរទម្រង់លេងរបស់គេ សេរីរ័ត្ន គ្មានអ្វីក្រៅពីអរគុណចំពោះវត្តមានដ៏ច្រើនលើសលប់នេះទេ ហើយក៏រំពឹងថាទៅថ្ងៃមុខទៅអ្នកគាំទ្រទាំងអស់ក៏នៅតែគាំទ្រជានិច្ច៕
0 comments:
Post a Comment