ការរៀបចំកម្មវិធីពិសេសនេះ ស្របពេលដែលមានព័ត៌មានថាក្រុមហ៊ុនហុងដានឹងបញ្ចេញលក់ម៉ូតូសង់ស៊េរីថ្មីនៅអំឡុងខែនេះ និងបន្ទាប់ពីមានការបែកធ្លាយរូបភាពមួយចំនួនដែលសង្ស័យថាជាម៉ូតូសង់របស់ហុងដានៅលើបណ្តាញសង្គមនានា។
លោក ទួត សីហា ម្ចាស់ហាងលក់ម៉ូតូទួត សីហានៅគិរីរម្យប្រាប់ថា លោកក៏ទទួលបានការអញ្ជើញដើម្បីទៅចូលរួមកម្មវិធីនៅថ្ងៃស្អែករបស់ក្រុមហ៊ុនហុងដា តែមិនទាន់ច្បាស់ជាកម្មវិធីអ្វីឲ្យប្រាកដនោះទេ។
លោកថា តាមស្មានប្រហែលហុងដារៀបចំកម្មវិធីសម្ពោធម៉ូតូហុងដាឌ្រីមស៊េរីថ្មី ដែលប៉ុន្មានសប្ដាហ៍នេះមានព័ត៌មានលេចឮនិងការចាប់អារម្មណ៍ពីប្រិយមិត្តជាច្រើន។
រូបភាពធ្លាយចុងក្រោយដែលសង្ស័យថាជាសង់ស៊េរីថ្មី
ជុំវិញបញ្ហានេះ បើតាមបុគ្គលិកជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុន NCX ប្រាប់ Sabay នៅរសៀលនេះថា នៅថ្ងៃស្អែកក្រុមហ៊ុនពិតជាមានរៀបចំកម្មវិធីពិសេសមួយមែន ដែលមានការអញ្ជើញបណ្ដាហាងលក់ម៉ូតូនានាចូលរួមដើម្បីថ្លែងអំណរគុណដល់ដៃគូដែលបានជួយគាំទ្រដែលធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
លោកថា ក្រៅពីរៀបចំកម្មវិធីដែលមានជួបជុំពីបណ្តាហាងជាដៃគូនានា លោកក៏មិនដឹងដែរថាក្រុមហ៊ុននឹងមានរៀបចំកម្មវិធីអ្វីផ្សេងទៀតឬមានការសម្ពោធម៉ូតូហុងដាឌ្រីដែលក្រុមហ៊ុនគ្រោងបញ្ចេញលក់នៅចុងឆ្នាំ ២០១៥ នេះ។ ចំណែកការបែកធ្លាយថ្មីចុងក្រោយពីរូបរាងម៉ូតូសង់នៅលើបណ្តាញសង្គម លោកទទួលស្គាល់ថា ជារូបរាងម៉ូតូសង់ស៊េរីថ្មី ប៉ុន្តែបើកាន់តែច្បាស់មានតែរង់ចាំតាមដានបន្តទៀត៕
0 comments:
Post a Comment