កីឡាករជប៉ុន៧នាក់ ដែលធ្លាប់លេងឲ្យក្រុមនៅ Premier League
Kagawa (ស្តាំ) លើកពាន Premier League ជាមួយក្រុម Man Utd
តោះ! ចង់ដឹងមានកីឡាករណាខ្លះ សូមទស្សនាខាងក្រោម៖
១. Junichi Inamoto – Arsenal, Fulham, West Bromwich Albion (២០០២-០៦)៖
ខ្សែបម្រើ Inamoto ធ្លាប់ក្រុមកាំភ្លើងធំ Arsenal ខ្ចីជើងពីក្រុម Gamba Osaka កាលរដូវកាល២០០១-០២ ប៉ុន្តែពុំបានចូលលេងនៅ Premier League ទេ ដោយបានលេងតែនៅ League Cup ២ប្រកួត និងនៅក្របខ័ណ្ឌអឺរ៉ុប២ប្រកួតប៉ុណ្ណោះ។ ក្រោយមក Fulham ខ្ចីជើងបន្ត២រដូវកាលនៅឆ្នាំ២០០២-០៤ និងបង្ហាញខ្លួន៤១ប្រកួត ស៊ុតចូល៤គ្រាប់។ នៅចន្លោះឆ្នាំ២០០៤-២០០៦ ក្រុម West Brom បានទិញដាច់ នឹងបានចូលលេង២៨ប្រកួត តែអត់បានស៊ុតចូលទេ។ បច្ចុប្បន្នកីឡាករវ័យ៣៦ឆ្នាំរូបនេះ កំពុងលេងឲ្យក្រុម Consadole Sapporo នៅលីកលំដាប់ទី២របស់ជប៉ុន។
២. Kazuyuki Toda – Tottenham Hotspur (២០០២-០៣)៖
អតីតខ្សែបម្រើរូបនេះ ធ្លាប់ក្រុម Spurs ខ្ចីជើងពីក្រុមជប៉ុន Shimizu S-Pulse នៅរដូវកាល២០០២-០៣ និងបានចូលលេង Premier League ៤ប្រកួត តែអត់បានស៊ុតចូលទេ។ បច្ចុប្បន្នបុរសវ័យ៣៧ឆ្នាំរូបនេះ បានចូលនិវត្តន៍ហើយ។
៣. Hidetoshi Nakata – Bolton Wanderers (២០០៥-០៦)៖
អតីតខ្សែបម្រើរូបនេះ ធ្លាប់ក្រុម Bolton ខ្ចីជើងពីក្រុមអ៊ីតាលី Fiorentina ១រដូវកាលឆ្នាំ២០០៥-០៦ និងបានលេង Premier League ២១ប្រកួត ស៊ុតចូល១គ្រាប់។ បច្ចុប្បន្ន Nakata វ័យ៣៨ឆ្នាំ បានចូលនិវត្តន៍ហើយ។
៤. Ryo Miyaichi – Bolton Wanderers, Wigan Athletic, Arsenal (២០១១-១៤)៖
ខ្សែបម្រើស្លាបវ័យ២២ឆ្នាំរូបនេះ Arsenal ទិញតាំងពីឆ្នាំ២០១១ ប៉ុន្តែលេងឲ្យកាំភ្លើងធំបានតែ១ប្រកួតប៉ុណ្ណោះនៅ Premier League ហើយត្រូវបានអ្នកចាត់ការ Arsène Wenger ឲ្យក្រុមផ្សេងខ្ចីជើងជាបន្តបន្ទាប់។ Ryo ធ្លាប់លេង Premier League នៅ Bolton ១២ប្រកួត និងនៅ Wigan ៤ប្រកួត តែអត់បានស៊ុតចូលទេ។ បច្ចុប្បន្នកីឡាកររូបនេះ Arsenal ឲ្យក្រុម FC St. Pauli លីកលំដាប់ទី២អាល្លឺម៉ង់ខ្ចីជើងទៀត។
៥. Shinji Kagawa – Manchester United (២០១២-១៤)៖
ឆ្នាំ២០១២ ខ្សែបម្រើ Kagawa ត្រូវបានលោក Sir Alex Ferguson ទិញពីក្រុមអាល្លឺម៉ង់ Borussia Dortmund នឹងពាក់លេខ២៦ នៅក្រុមបិសាចក្រហម Man Utd។ Kagawa លេងឲ្យ Man Utd នៅ Premier League បាន៣៨ប្រកួត ស៊ុតបាន៦គ្រាប់ និងធ្លាប់ឈ្នះពាន Premier League នៅរដូវកាល២០១២-២០១៣។ នៅឆ្នាំ២០១៤ កីឡាករវ័យ២៦ឆ្នាំរូបនេះ ត្រូវបាន Man Utd លក់ឲ្យក្រុមចាស់របស់គេ Dortmund វិញ ដែលចុះកុងត្រាដល់ឆ្នាំ២០១៨។
ក្រៅពីនេះមានកីឡាករជប៉ុនពីររូបខាងក្រោមនេះកំពុងលេងនៅ Premier League នៅឡើយ៖
៦. Maya Yoshida – Southampton (២០១២-បច្ចុប្បន្ន)
Southampton បានទិញយកខ្សែការពារ Yoshida ពីក្រុមហូឡង់ VVV-Venlo តាំងពីឆ្នាំ២០១២។ កីឡាករវ័យ២៧ឆ្នាំរូបនេះ លេងនៅ Premier League បាន៧១ប្រកួតហើយ និងស៊ុតបាន២គ្រាប់។
៧. Shinji Okazaki – Leicester City (២០១៥-បច្ចុប្បន្ន)
ខ្សែប្រយុទ្ធជប៉ុនវ័យ២៩ឆ្នាំរូបនេះ ក្រុម Leicester ទើបតែទិញពីក្រុមអាល្លឺម៉ង់ FSV Mainz 05 កាលខែមិថុនា ឆ្នាំ២០១៥ និងបានលេងនៅ Premier League ១២ប្រកួតហើយរដូវកាលនេះ ដោយស៊ុតបាន១គ្រាប់ផងដែរ៕
0 comments:
Post a Comment