ពេជ្រ សោភា ៖ មិនបានទទួលប្រាក់ គ្រាន់តែសរសើររីករាយណាស់ទៅហើយ
ថ្ងៃ ព្រហស្បត្ត៏ ទី ៥ ខែ ឧសភា ឆ្នាំ ២០១៦ ម៉ោង ១៧:៣០
រាជធានីភ្នំពេញ ៖ ថ្មីៗនេះប្រភពមួយបានទម្លាយឱ្យដឹងថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនាង ពេជ្រ សោភា និងលោកដេវីត បានទទួលប្រាក់ឧបត្ថម្ភលោកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីតារាចម្រៀងទាំងពីរខាងលើនេះ បានតាក់តែងនិពន្ធបទចម្រៀង មិនចម្លងពីបរទេស ជាពិសេសបទ «រាំញីកែងជើង» ដែលមានភាពល្បីល្បាញខ្លាំង ។
Page ដែលមានឈ្មោះថា សិល្បករកម្ពុជា បានទម្លាយព័ត៌មានខាងលើនេះ តាមបណ្តាញសង្គមជុំវិញព័ត៌មានដ៏ល្អនេះ ក្នុងនោះម្ចាស់ Page ក៏បានចូលរួមសម្តែងការអបអរសាទរដល់តារាចម្រៀងទាំងពីរខាងលើនេះ និងបានថ្លែងអណរគុណដល់ប្រមុខដឹកនាំដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រលើកទឹកចិត្តដល់អ្នកសិល្បៈ ។
បើតាម Page សិល្បករកម្ពុជាបានឱ្យដឹងថា ពេជ្រ សោភា និងលោកដេវីត ទទួលបានប្រាក់ចំនួន៤០.០០០$ (បួនម៉ឺនដុល្លារ) ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីលើកទឹកចិត្តដល់តារាទាំងពីររូបនេះ ក្នុងការដែលខិតខំប្រឹងប្រែងតែងនិពន្ធ និងច្រៀងបទថ្មីមិនចម្លងពីបរទេស ហើយបទដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរាំសប្បាយរីករាយពេលចូលឆ្នាំខ្មែរ រហូតដល់ឆក់បេះដូងសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កំពូលៗក្នុងប្រទេស រាំកម្សាន្តសប្បាយផងដែរនោះ គឺបទរាំញីកែងជើង ដែលបទនេះ គឺជាបទមួយដែលល្បី និងទទួលបានការគាំទ្រខ្លាំងបំផុត ។
ដំណឹងល្បីថា ប្រាក់ដែលពេជ្រ សោភា និងដេវីត ទទួលបាន គឺមានអ្នកសិល្បករនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ មិនតែប៉ុណ្ណោះ ក៏មានការបញ្ជាក់យ៉ាងច្បាស់ពីមន្ត្រី្តម្នាក់ថា អាភានិងដេវីត ពិតជាបានទទួលប្រាក់លើកទឹកចិត្តពីពូ (សម្តេចតេជោ) ពិតប្រាកដមែន ។
បន្ទាប់ពីព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈរួចមក មានប្រិយមិត្តជាច្រើនសម្តែងការគាំទ្រ និងត្រេកអរដល់តារាចម្រៀងទាំងពីរខាងលើនេះ ចំពោះការលើកទឹកចិត្តពីប្រមុខរដ្ឋាភិបាល ដើម្បីបន្តការងារតែនិពន្ធបទចម្រៀងថ្មីៗ ដែលមិនចម្លងពីបរទេសបន្ថែមទៀត ។
យ៉ាងណាទាក់ទងទៅនឹងបញ្ហាខាងលើនេះ តារាចម្រៀងនាងពេជ្រ សោភា បានចេញមុខបដិសេធ និងបានស្នើសុំឲ្យទស្សនិកជនកុំមានការយល់ច្រឡំ ចំពោះព័ត៌មានមួយនេះ ។
ពេជ្រ សោភា បានសរសេរតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា សុំទោស សូមកុំមានការយល់ច្រឡំ ចំពោះព័ត៌មានមួយនេះ សូមបងៗសារព័ត៌មាន មេត្តាគិត និងសរសេរព័ត៌មានពិតក្នុងការចុះផ្សាយ ។ នាងបញ្ជាក់ថា នាងខ្ញុំនិងដេវីដ ពុំទទួលបានប្រាក់អីនោះទេ តែពួកខ្ញុំសប្បាយចិត្តណាស់ទៅហើយ ដែលស្នាដៃនេះ មានការទទួលស្គាល់ និងគាំទ្រពីបងប្អូន ពិសេសការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល វាជាមោទនភាព និងមហាកិត្តិយសណាស់ទៅហើយ សម្រាប់ពួកខ្ញុំ ពួកខ្ញុំសប្បាយចិត្តដែលបានធ្វើ ដើម្បីមុខមាត់ខ្មែរ មិនមានសំដៅលើប្រាក់រង្វាន់នោះទេ អរគុណ... ខ្មែរស្រលាញ់ខ្មែរ ។
ដោយឡែក ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ ម្ចាស់ Page សិល្បករកម្ពុជាលោកអ៊ឹម ជីវ៉ា បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា សម្រាប់ព័ត៌មាននេះ លោកអាចនិយាយថា ពិត៦០ ទៅ៧០ភាគរយ ដោយសារលោកបានទទួលព័ត៌មាននេះ ពីមន្ត្រីថ្នាក់ខ្ពស់ ដែលមានមុខមាត់ម្នាក់នៅក្នុងសង្គម និងក៏មានការនិយាយតៗគ្នាពីចង្កោមអ្នកសិល្បៈដូចគ្នាផងដែរ ។
យ៉ាងណាក៏ដោយ លោកចាត់ទុកការបដិសេធពីសំណាក់នាងពេជ្រ សោភា នាពេលនេះ គឺជារឿងបុគ្គល ព្រោះលោកយល់ថា កន្លងមក មានអ្នកសិល្បៈជាច្រើន ត្រូវបានទទួលការឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែមិនត្រូវបានទទួលការបានអនុញ្ញាតឲ្យមានការចេញមុខថ្លែងអំណរគុណតបទៅវិញ និងទម្លាយឱ្យដឹងជាសាធាណៈឡើយ ។
ទោះជាយ៉ាងណា ក្នុងនាមម្ចាស់ Page និងជាក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរលោកអ៊ឹម ជីវ៉ា បានថ្លែងអំណរ
អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរ ជាពិសេសគាំទ្រលើកទឹកចិត្តស្នាដៃកូនខ្មែរ ឱ្យមានកម្លាំងចិត្តក្នុងការតែងនិពន្ធ និងផលិតបទថ្មីៗបន្ថែមទៀត ៕
អរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរ ជាពិសេសគាំទ្រលើកទឹកចិត្តស្នាដៃកូនខ្មែរ ឱ្យមានកម្លាំងចិត្តក្នុងការតែងនិពន្ធ និងផលិតបទថ្មីៗបន្ថែមទៀត ៕
0 comments:
Post a Comment